ឯកឧត្ដម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង នៅស្រុកស្ទឹងត្រង់ (ចំនួនអ្នកមើល 163នាក់)
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅភូមិទូលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់
ចាម ។គួររំលឹកថា ស្ពាន ១កន្លែង នេះ ជាប្រភេទដែកបាឡេ បានកសាងឡើង នាឆ្នាំ១៩៩៣ មានសភាពទ្រុឌទ្រោម បានទទួលរងគ្រោះបាក់ស្រុត ដោយទឹកជំនន់ទន្លេមេគង្គ ដោយបានទឹកហូរធ្វើឲ្យរលំសរសរ ១ដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីដើមខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្រោយពីស្ពានបាក់ស្រុតនោះ ក្រុមជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សម្រេចសាងសង់បន្ថែមប៉ាណូ ចំនួន២ជួរ កម្ពស់ ១ជាន់ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដោយប្រើដែកប៉ាណូចំនួន ៣៦ផ្ទាំង ដើម្បីពង្រឹងតួស្ពាន ឲ្យធ្វើចរាចរណ៏បណ្តោះអាសន្ន រហូតមកដល់សព្វថ្ងៃនេះ ។
បច្ចុប្បន្ននេះ កងវិស្វកម្មក្រសួងការពារជាតិ ក៏បានរៀបចំប៉ាណូ ១ជួរ បន្ថែមទៀត ដើម្បីពង្រឹងតួស្ពានទាំងមូលឲ្យកាន់តែរឹងមាំជាងមុន សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ខណៈដែលស្ពានបេតុងថ្មី កំពុងចាប់ផ្ដើមដំណើរការស្ថាបនានោះ ។តាមការគូសបញ្ជាក់របស់អ្នកបច្ចេកទេសគ្រប់គ្រងគម្រោងសាងសង់ ឲ្យដឹងថាស្ពានបេតុងនេះ មានប្រវែង ៩០ម៉ែត្រទទឹង ៨ម៉ែត្រ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ។
គម្រោងបានចាប់ផ្ដើម ដំណើរការងារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ មក ។ បច្ចុប្បន្ន ក្រុមបច្ចេកទេស កំពុងឃួងគ្រឹះ ស្ថាបនាស្ពានបេតុងថ្មី ដើម្បីពន្លឿនការងារ នៅខាងក្រោមដី ក៏ព្រោះតែ ទឹកជំនន់កំពុងហក់ឡើងបណ្ដើរមកហើយ ។ឯកឧត្ដម ហ៊ុន ណេង មានប្រសាសន៍ថា ស្ពានបេតុងថ្មីនេះ ជាចំណងដៃថ្មីមួយទៀត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ ស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ផងដែរ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពាន សម្រាប់ការចរាចរណ៍ របស់ប្រជាពលរដ្ឋទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ ស្រុកព្រែកប្រសប់ នៃខេត្តក្រចេះ ផងដែរ ។ គម្រោងបានកំពុងចាប់ដំណើរការស្ថាបនាហើយ សូមសំណូមពរឲ្យប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរទាំងអស់ មានការយោគយល់អធ្យាស្រ័យ ពីព្រោះថា វាអាចមានការរំខានបន្តិចបន្តួចដល់ការធ្វើចរាចរណ៍របស់បងប្អូន៕