អាងមានខ្នងបង្អែករឹងមាំទើបលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន (ចំនួនអ្នកមើល 300នាក់)
ភ្នំពេញ / មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយពេញបន្ទុករបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់ឡើយ។ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅលើដងផ្លូវនោះ ចាត់វិធានការទប់
សង្កាត់អំពើពុករលួយរបស់លោក ឈួន សោភា ខ្លះផង។
ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងតំណែងជាមេគយចល័តតំបន់៥ គឺលោក ឈួន សោភា គិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយ ហើយមិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ទាល់តែសោះ។ប្រភពពីមន្ត្រីគយនៅក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា បើទោះបីធ្លាប់ប្រឈមនឹងការព្រមានពីសំណាក់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យ៉ាងណាក៏ដោយ ក៏លោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ កំពុងបង្កើនសកម្មភាពពុករលួយខ្លាំងជាងមុនទៅទៀត។
ប្រភពបានឲ្យដឹងទៀតថា លោក ឈួន សោភា និងបក្ខពួកដែលមានស្នាក់ការនៅផ្លូវជាតិលេខ៥ ភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅតែធ្វើសកម្មភាពគាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលទៅរាជធានីភ្នំពេញ តាមអំពើចិត្តរបស់ខ្លួន។បើទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ នោះទេ។
តាមប្រភពដែលស្និទ្ធនឹងលោក ឈួន សោភា មេគយចល័តតំបន់៥ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបលោក ឈួន សោភា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា លោក ឈួន សោភា តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទន្ទេញជាប់មាត់ដើម្បីការពាររឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួន។ មានន័យថា ការព្រមានរបស់លោក គុណ ញឹម ដែលជាមេគយធំ ទៅលើលោក ឈួន សោភា មេគយចល័តតំបន់៥ នាពេលកន្លងមកនោះ បានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះជាក់ស្ដែងបច្ចុប្បន្នលោក ឈួន សោភា មេគយចល័តតំបន់៥ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីឡើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ យ៉ាងរលូន ព្រោះលោក ឈួន សោភា មិនចាត់វិធានការបង្ក្រាបម្ដងណាឡើយ ហើយបែរជាចាត់ទុកឈ្មួញទាំងនោះជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។ ផ្ទុយទៅវិញក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវ គឺត្រូវលោក ឈួន សោភា ព្រមទាំងបក្ខពួកគាបយកលុយលើតុក្រោមតុតាមអំពើចិត្ត ហេតុនេះហើយទើបរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា ព្រមទាំងបក្ខពួកបរិវារត្រូវបានបើកកកាយជាបន្តបន្ទាប់។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា និងបក្ខពួកជាបន្ទាន់ ព្រោះលោក គុណ ញឹម ដែលជាមេគយធំ កំពុងបើកដៃឲ្យលោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុនទៅទៀត៕