សង្វៀនជល់មាន់នៅសង្កាត់ស្ទឹងមានជ័យទីបី គ្មានអ្នកណាហ៊ានបង្ក្រាប ដោយសារតែត្រូវថ្នាំសណ្តំយកលុយដាក់ហោប៉ៅអស់ហើយ (ចំនួនអ្នកមើល 331នាក់)
រាជធានីភ្នំពេញ៖ ល្បីយូរហើយសង្វៀនជល់មាន់នៅតំបន់ស កណ្តាលក្រុងភ្នំពេញ បានបើកលេងយ៉ាងកក្រើកជារៀងរាល់ថ្ងៃចាប់តាំងព្រឹកដល់ល្ងាច ដែលនៅក្នុងសង្វៀនជល់មាន់នោះបង្កប់ដោយល្បែងស៊ីសងគ្រប់ប្រភេទនៅចំណុចត្រពាំងឈូកនិងដើមកាស្យា ក្បែរដើមត្នោតខាងក្រោយប៉ែកខាងកើតរបងសួនឧហ្សាកម្មកាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ជាមួយខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្ភ្នំពេញ ដែលបាននឹងកំពុងដំណើរការលេងយ៉ាងសកម្មមិនឃើញមានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបម្តងណាឡើយ? គ្រាដែលសម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើធ្វើចៅហ្វាយខេត្ត ចៅហ្វាយក្រុង ខ្លាចគេនឹងមិនហ៊ានចាត់ការតាមផ្លូវច្បាប់ឬបង្ក្រាបបទល្មើសទេ ដូចជាល្បែងស៊ីសងខុសច្បាប់ គួរតែដកតំណែងចៅហ្វាយខេត្ត ចៅហ្វាយក្រុងចោល ហើយឲ្យអាមេខ្លោងសង្វៀនជល់មាន់មកធ្វើជាចៅហ្វាយខេត្ត ចៅហ្វាយក្រុងជំនួសវិញវាប្រសើរជាង។
ដោយសារតែមិនមានវិធានការបែបនេះហើយ ទើបគេបើកលេងយ៉ាងពពាក់ពពូន ដែលគេសង្ស័យថា អាចមានការបេីកភ្លេីងខៀវពីអាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋានបានឃុបឃិតគ្នា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយកលុយដាក់ហោប៉ៅរៀងៗខ្លួន កំពុងផ្គេីនទៅនឹងបទបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែ ន ក៏បានបញ្ចេញប្រតិកម្មខ្លាំងៗធ្វើការព្រមានដល់ចៅហ្វាយខេត្ត ចៅហ្វាយក្រុង ដែលអសមត្ថភាពក្នុងការងារដឹកនាំ បញ្ជាឲ្យចុះទៅហាមឃាត់និងចាត់វិធាការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួននិងបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ប្រកាសក្តែងៗឲ្យមន្ត្រីនគរបាល សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តន៍លើវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដោយគ្មានការលើកលែង ដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
គួររំឭកថាកាលពីពេលថ្មីៗនេះ លោក ឃួង ស្រេ ង អភិបាលរាជធានីភ្នំពេញប្រកាសវះកាត់មន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋាន ដើម្បីព្រមានទប់ស្កាត់កុំឲ្យបទល្មើសគ្រប់ប្រភេទនេះ នៅរាជធានីភ្នំពេញកើតឡើងតទៅទៀត។ ទន្ទឹមនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្រ្តីក្រោមឱវាទ និងតាមមូលដ្ឋានទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យស័ក្តិជាមិនខាន។
លោក ឃួង ស្រេង ថ្លែងថា”ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់នូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជាបញ្ហាមួយយ៉ាងក្តៅគគុក”ជាពិសេសសង្វៀនជល់មាន់នៅកណ្តាលក្រុងភ្នំពេញនេះតែម្តង ដែលស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅតែបន្តលេងយ៉ាងកក្រើកដដែល ខណៈលោក ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនេះ ដោយហេតុថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះវាជាចំណុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើឲ្យបាត់បង់ស្ថេរភាពនៅក្នុងសង្គមដូចជាអំពើឃាតកម្ម ចោរលួច ឆក់ ប្លន់ ជាដើម។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះសង្វៀនជល់មាន់ នៅចំណុចត្រពាំងឈូកដើមប្រេងខ្យល់និងកាស្យាខាងក្រោយជាប់នឹងរបងសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២ខាងកើតឆៀងខាងត្បូងវត្តអង្គតាម៉ិុញញ ហើយនៅមិនឆ្ងាយពីទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រមាណជា៥០០ម៉ែត្រប៉ុណ្ណោះ ដែលបានបើកដំណើរការលេងយ៉ាងទ្រហឹងអឺងកងជាយូរណាស់មកហើយ គេមិនដែលឃើញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬសមត្ថកិច្ចខាងក្រសួង និងកម្លាំងអន្តរាគមន៍ក្រុង ចុះមកចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានម្តងណាឡើយ ជាក់ស្តែងគេឃើញក្រុមអ្នកជល់មាន់បានណាត់ជួបគ្នាយ៉ាងគគ្រឹកគគ្រេងដោយមានអ្អ្នកស្ពាយកន្ត្រកមាន់ជល់ចុះពីលើរថយន្តនិងម៉ូតូហើយចតផ្ញើនៅម្តុំចិញ្ចើមផ្លូវក្បែរគល់ស្ពានមាត់លូនិងផ្ញើម៉ូតូនៅកន្លែងលក់បាយលក់ ចាប់ហួយដែលមានម៉ូតូនិងរថយន្តជាច្រើនគ្រឿងរួចដើរចូលទៅលេងនៅសង្វៀនខាងលើនេះ។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះកំពុងមានការភ័យខ្លាចយ៉ាងខ្លាំងដោយសារមានចោរលួចគាស់ផ្ទះ ឆក់ ប្លន់ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាងអនាធិបតេយ្យគឺបណ្ដាលមកពីភូមិឃុំគ្មានសុវត្ថិភាព ព្រោះក្នុងមូលដ្ឋានរស់នៅ មានបនល្បែងស៊ីសងបៀរ អាប៉ោង ជល់មាន់ យ៉ាងធំនៅទីនោះ និងគ្មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ហ៊ានបង្ក្រាបឡើយ ទើបបានកើតជារឿងអំពើហឹង្សាមានចោរគាស់ផ្ទះ ចោរលួច ចោរប្លន់ បែបនេះកើតឡើងជារឿយៗ ជាពិសេសសង្វៀនជល់មាន់ដុះស្លែក្បែរក្រោយសួនឧស្សាហកម្មកាណាឌីយ៉ាកណ្តាលក្រុងនេះតែម្តង។
ប្រភពដដែលបានបន្តទៀតថា ក្នុងសង្វៀនជល់មាន់ខាងលើនេះមានបើកលេងល្បែងស៊ីសងដូចជាបៀរ និងអាប៉ោងទៀតផង ដែលសកម្មភាពល្បែងជល់មាន់ និងល្បែងស៊ីសងទាំងនេះជាកត្តាបង្កបង្កើតឲ្យមានអសន្តិសុខសង្គមដូចជាឲ្យមានអំពេីហឹង្សាក្នុងគ្រួសារ អំពេីចោរកម្មផងដែរ ហើយទីតាំងបនល្បែងស៊ីសងនេះបានបើកលេងយូរឆ្នាំមកហើយ ដោយផ្តល់ឱកាសឲ្យអ្នកញៀនល្បែងជល់មាន់ទាំងនោះ នាំគ្នាយកមាន់មកជល់ភ្នាល់ដាក់លុយយកឈ្នះចាញ់និងហ៊ោកញ្រៀវទ្រហឹងអឺងកងមិនញញើតកោតខ្លាចសមត្ថកិច្ចបន្តិចណាទាល់តែសោះ។
សូមបញ្ជាក់ថាកន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការដាស់តឿនជាច្រើនលើកច្រើនសារនេះ បានធ្វើដំណើរមកដល់ចំណុចអភិក្រមទី៥ហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗយ៉ាងដូច្នេះថា”ចាប់ពីពេលនេះទៅ មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ ចៅហ្វាយស្រុក ខណ្ឌ ចៅហ្វាយខេត្ត ក្រុង រាជធានី ត្រូវតែយកចិត្តទុកដាក់ឲ្យខ្លាំងក្លាបំផុត ដោយចុះល្បាតតាមដានរកមើលទីតាំងដែលលួចបើកបនល្បែងស៊ីសងដោយខុសច្បាប់ ដូចជាល្បែងជល់មាន់ បៀរអាប៉ោង ហ្គែមអុីនធើណេត ចាក់ឆ្នោត ចាក់បាល់ កន្ទុយលេខ។ល។”ស្របពេលដែលរាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់គោលការណ៍និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអុីនធើណែត អនឡាញ ក្នុងនិងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ”។
ដូច្នេះឃើញថាបច្ចុប្បន្ននេះ បទល្មើសល្បែងស៊ីសងនិងសង្វៀនជល់មាន់នេះជារឿងក្តៅគគុកដែលមិនអាចអត់ឱនឲ្យបានឡើយ ក្នុងនោះមានទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរ មូលដ្ឋាន សង្កាត់ ខណ្ឌ ក្រុង កម្លាំងជំនាញច្រើនផ្នែកណាស់ ចុះហេតុអ្វីក៏នៅតែកើតមានសង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសងគ្រប់ប្រភេទជាលក្ខណៈទ្រង់ទ្រាយធំទៀតនៅក្នុងទឹកដីរាជធានីភ្នំពេញ ដែលបញ្ហានេះ បើលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោកស្នងការនគរបាលក្រុង ស ថេត បើពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ គួរតែមានវិធានការទប់ស្កាត់ និងបង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ជាបន្ទាន់ផងទាន…! ។
មជ្ឈដ្ឋានទូទៅបានលើកឡើងថា សកម្មភាពបនល្បែងស៊ីសង និងល្បែងជល់មាន់បានកើតឡើងយ៉ាងកក្រើកនិងកំពុងពេញនិយមរបស់់ក្រុមអ្នកញៀនជល់មាន់ ងុបងុលនឹងល្បែងស៊ីសងតែងតែទៅជួបជុំណាត់គ្នាលេងក្នុងសង្វៀនខាងលើ ឆ្លៀតពេលអស់លោកសមត្ថកិច្ច អាជ្ញាធរដែនដីក្នុងមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធព្រងើយកន្តើយក្នុងការបង្ក្រាប ទប់ស្តាត់បទល្មើសល្បែងស៊ីសងនោះផង គឺអស់លោកកំពុងដើរផ្ទុយពីការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល បើពុំនោះសោតសកម្មភាពសង្វៀនជល់មាន់ខាងលើនេះបង្កើតឲ្យមាន អំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋានជារឿយៗទៀត មិនតែប៉ុណ្ណោះជាក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះតែម្តង ព្រោះមានពេលខ្លះមានទាំងជនសង្ស័យមានកាំភ្លើងខ្លីចូលទៅលេងហើយចាញ់គំរាមបាញ់ផ្អើលសង្វៀនទៀតផង។