នាងសុខុម មេគយច្រកបាក់ដៃ កំពុងតែល្បីល្បាញ រឿងអំពើពុករលួយ ពេញបន្ទុក (ចំនួនអ្នកមើល 1006នាក់)
ខេត្តតាកែវ ៖ មន្ត្រីគយនិងភ្នាក់ងារគយនៅខេត្តតាកែវ មួយចំនួនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នាង សុខុម ប្រធានការិយាល័យគយច្រកបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ជាបន្ទាន់។
ដោយហេតុថា មួយរយៈកន្លងទៅនេះមានឈ្មួញដឹកទំនិញតាមទូកប៉ុកចាយធំៗចំណុះរាប់សិបតោនពីស្រុកយួន ចូលស្រុកខ្មែរតាមច្រកព្រំដែនទឹក ព្រែកបាក់ដៃ ហើយទំនិញទាំងនោះត្រូវបានគេដឹងថា ជាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងមានទំនិញខុសច្បាប់ផងដែរ។ ការដែលលោក នាង សុខុម មេគយច្រកបាក់ដៃ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តត្រូវបានគេដឹងថា មានការឃុបឃិតបើកដៃពីសំណាក់លោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ដែលជាចៅហ្វាយនាយរបស់ខ្លួនហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួលតែម្តង។
ប្រភពពីមន្ត្រីនៅច្រកបាក់ដៃមួយចំនួនបានឲ្យដឹងថា លោក នាង សុខុម ប្រធានការិយាល័យគយច្រកបាក់ដៃ កំពុងតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយលោក នាង សុខុម មិនដែលបង្ក្រាបបទល្មើសម្តងណាទេ។ ក្នុងមួយថ្ងៃៗមានទូកប៉ុកចាយចំណុះរាប់សិបតោននាំចូលទំនិញតាមច្រកបាក់ដៃ ហើយទំនិញទាំងនោះមានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញចាប់ហួយ គ្រឿងកំប៉ុង ម្សៅមី គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់ម៉ូតូ គ្រឿងសំណង់ ដែក ត្រី និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទ។
ភាគច្រើនទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះត្រុវបង់ពន្ធត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក នាង សុខុម យ៉ាងរលូន។ ហេតុនេះហើយទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមេគយច្រកបាក់ដៃ លោក នាង សុខុម កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តង។
ចំណែកឈ្មួញនិងអាជីវករតូចតាចបានឲ្យដឹងថា សម្រាប់ពួកគាត់ដែលរកស៊ីនាំចូលទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវកំពុងប្រឈមនឹងការគាបសង្កត់ពីសំណាក់លោក នាង សុខុម និងបក្ខពួកកាន់តែខ្លាំងឡើងៗដោយពុំមានការយោគយល់នោះទេ។ ចំណែកឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់បែរជាមានការសម្របសម្រួលឃុបឃិតពីសំណាក់លោក នាង សុខុម និងបក្ខពួកយ៉ាងរលូន។
បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំមិនគួរបណ្ដែតបណ្ដោយឲ្យលោក នាង សុខុម និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក នាង សុខុម និងបក្ខពួកផងដែរ ព្រោះមន្ត្រីនៅច្រកបាក់ដៃ បានបង្ហើបឲ្យដឹងថា មួយរយៈកន្លងទៅនេះលោក នាង សុខុម ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើក្រុមមន្ត្រីពុករលួយបំផ្លាញជាតិ៕