តើលោកជាសុផារ៉ាសំងំស្ងាត់ឈឹងរឿងអឹមឈុនលឹមតែងតាំលោកប្រាក់ប៉ូលីជាប្រធានមន្ទីរៀបចំដែនដីខេត្តបន្ទាយមានជ័យ (ចំនួនអ្នកមើល 843នាក់)
បន្ទាយមានជ័យ ៖ បន្ទាប់ពីលោកជា សុផារ៉ា ត្រូវបានតែងតាំងជា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថ្មីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅដើមខែមេសា ឆ្នាំ២០១៦នេះរួចមក មានមហាជន ជាច្រើនមជ្ឈដ្ឋាន បាននិងកំពុងរង់ចាំមើល៍ ដោយយកចិត្តទុកដាក់ថា តើលោក ជា សុផារ៉ា នៅសម្ងំគាំទ្រ ការសម្រេច របស់អតីតរដ្ឋមន្ត្រី អុឹម ឈុនលឹម ក្នុងការតែងតាំងលោក ប្រាក់ ប៉ូលី ក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ពីប្រធានភូមិបាល ក្រុងប៉ោយប៉ែត ឡើងមកធ្វើជា ប្រធានមន្ទីរស្ដីទី និងក្លាយជា ប្រធានពេញសិទ្ធិ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ឬមួយលោជា សុផារ៉ា ត្រូវតែចាត់ការ សើរើករណីនេះ ដើម្បីបំពេញចិត្តមហាជន ក៍ដូចជា ការព្យាបាល សតិអារម្មណ៍ មន្ត្រីរាជការចាស់ៗ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យនោះ...?
សូមរម្លឹកថា ចាប់ពីចុងខែកក្កដា ឆ្នាំ២០១៥ មកដល់ពេលនេះ មានមហាជន ជាច្រើនមជ្ឈដ្ឋាន ជាពិសេស អ្នកលេងហ្វេសប៊ុក បាននាំគ្នារិះគន់យ៉ាងខ្លាំង តៗគ្នាពីមួយទៅមួយ ពាក់ព័ន្ធនឹងករណី ដែលលោក ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម កាលក្នុងតំណែង ជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស៊ីញ៉េ តែងតាំងលោក ប្រាក់ ប៉ូលី យ៉ាង តក់ក្រហល់ លឿនដូចខ្យល់ព្យុះ ឲ្យឡើងតំណែង បុណ្យសក្ដិ ពីប្រធានភូមិបាល ក្រុងប៉ោយប៉ែត លោតផ្លោះមកធ្វើជា ប្រធានមន្ទីរស្ដីទី និងក្លាយជាប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ថ្ងៃ ជាប់គ្នាប៉ុណ្ណោះ ។ ពោលគឺ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម អុឹម ឈុនលឹម ស៊ីញ៉េតែងតាំងលោក ប្រាក់ ប៉ូលី ជាប្រធានស្ដីទី ដោយរំលងបានតែ ១ថ្ងៃគត់... មកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម ដដែលនេះ ក៍បានតែងតាំងលោក ប្រាក់ ប៉ូលី ជា ប្រធានពេញសិទ្ធិ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ដូចជប់ឡើងតែម្ដង ធ្វើឲ្យអនុប្រធានមន្ទីរនោះ ៥នាក់ និងមន្ត្រីៗក្រោមឱវាទ ជាច្រើននាក់ផ្សេងទៀត បានត្រឹមមើល៍មុខគ្នា គ្រវីក្បាលតតាត់ អត់និយាយស្អីចេញ... ។
បើតាមប្រភពព័ត៌មានខ្លះ បានសរសេរបង្ហោះផ្សាយ ឲ្យគេដឹងកាលនោះថា មូលហេតុដែលលោក ប្រាក់ ប៉ូលី បានទទួលការតែងតាំង តំណែងធំតាមបែប មហាលោតផ្លោះ មហាអស្ចារ្យបែបនេះ ព្រោះគាត់ (ប្រាក់ ប៉ូលី ) បានត្រៀមលុយចំនួន ៥០ ម៉ឺនដុល្លាអាមេរិក ដើម្បីរត់ការយកតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យនោះ... ដែលព័ត៌មាននេះ ត្រូវបានអ្នកលេង ហ្វេសប៊ុកមួយចំនួន ថតចម្លង (Copy) យកមកផ្សាយបន្តតៗគ្នា និងទទួលបានការខមម៉ិន រិះគន់រាប់ពាន់នាក់... [ តែទោះយ៉ាងណា គេហទំព័រយើង នៅមិនទាន់អាច យកជាផ្លូវការបាន នូវព័ត៌មាននេះទេ... ដោយសារតែ មិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោក ប្រាក់ ប៉ូលី និងលោកទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម បាននៅឡើយ ]... ។
ប្រភពព័ត៌មាននោះ បានឲ្យដឹងពីប្រវត្តិលោក ប្រាក់ ប៉ូលី ត្រួសៗ ទៀតថា កាលនៅធ្វើជា ប្រធានភូមិបាល ក្រុងប៉ោយប៉ែត ដែលប្រជាពលរដ្ឋ នៅតំបន់ជាយដែន កម្ពុជា-ថៃ ក្រុងប៉ោយប៉ែត តែងហៅថា សេដ្ឋីវ័យក្មេងនោះ លោកប្រធានក្មេង ប្រាក់ ប៉ូលី បានយកបងប្រុសបង្កើត របស់ខ្លួនម្នាក់ឈ្មោះ ប្រាក់ ប៉ូលីន ជាមន្ត្រីក្រោមឱវាទ ឱ្យដើរប្រមូលរក ផលប្រយោជន៍ ពីប្រជាពលរដ្ឋ ដែលសាងសង់ សំណង់ផ្ទះល្វែង ឬអគារផ្សេងៗ រីកដូចផ្សិតក្នុង ១ល្វែង ប្រមាណពី ៥០០ដុល្លារ រហូតដល់ ១០០០ដុល្លារ... បើពលរដ្ឋណា គ្មានលុយបង់ឱ្យ តាមការកំណត់ទេនោះ គឺមិនអាចសាងសង់ បានឡើយ ។ ចំពោះប្រជាពលរដ្ឋណា ចង់ទៅធ្វើប្លង់រឹង ដល់ក្រសួងវិញនោះ គឺលោក ប្រាក់ ប៉ូលី ទារលុយឆៅៗពី ៣,០០០ដុល្លារ រហូតដល់ ៥,០០០ដុល្លារ ទើបអាចធ្វើបាន... Sic តែម្តង ។ ព័ត៌មាននេះ ក៍គេហទំព័រយើង នៅមិនទាន់អាច យកជាផ្លូវការបាន ទាំងស្រុងនៅឡើយដែរ... ល្គឹកណានៅតែមិនទាន់ បានជួបសុំការបំភ្លឺពីលោក ប្រាក់ ប៉ូលី និងបងប្រុសបង្កើត របស់គាត់ឈ្មោះ ប្រាក់ ប៉ូលីន ទេនោះ... ។
ប៉ុន្តែទោះយ៉ាងណា ក្រៅពីអ្នកក្រុងប៉ោយប៉ែត នាំគ្នាហៅលោក ប្រាក់ ប៉ូលី ជាសេដ្ឋីក្មេង... ពួកគេក៍តែងតែនាំគ្នា ទះទ្រូងសរសើរលោក ប្រាក់ ប៉ូលី ដែលអាចមានលទ្ធភាព សាងសង់ផ្ទះល្វែង យ៉ាងធំឈរជង្គ្រឹងៗ ជាច្រើនល្វែង មានកម្ពស់ដល់ទៅ ៤-៥ជាន់ នៅខាងត្បូងផ្សារអគ្គថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយពុំមានច្បាប់ ទម្លាប់ត្រឹមត្រូវនោះដែរ ... មិនតែប៉ុណ្ណោះលោក ប្រាក់ ប៉ូលី ក៍ ថែមទាំងមានលទ្ធភាព បង្កើតស្ថានីយប្រេង ១ កន្លែងទៀត នៅជាប់ពីខាងត្បូង ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទៀតផង ។ នេះគេគ្រាន់តែ ជាការទម្លាយខ្លះៗ នូវអ្វីដែលគេឃើញនឹងភ្នែក និងគេដឹងជាទូទៅប៉ុណ្ណោះ... ចំពោះរឿងអាថ៌កំបាំងផ្សេងៗទៀត គ្មានអ្នកក្រៅណា អាចបានដឹងនោះឡើយ...។
បងប្អូនប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ជាពិសេស អ្នកនៅប៉ោយប៉ែត នាំគ្នានិយាយរិះគន់ថា ចាប់តាំងពី អុឹម ឈុនលឹម បានតែងតាំង ប្រាក់ ប៉ូលី ជាប្រធានការិយាល័យ ភូមិបាល និងសុរិយោដី ក្រុងប៉ោយប៉ែត កាលណាមក បានធ្វើឲ្យកើតមាន សំណង់ខុសច្បាប់ អនាធិបតេយ្យ រីកដុះដាលយ៉ាងច្រើន នៅលើទឹកដីប៉ោយប៉ែត ។ ចុះទម្រាំលោកធំ អុឹម ឈុនលឹម បានតែងតាំង ប្រាក់ ប៉ូលី ពីប្រធានភូមិបាល ក្រុងប៉ោយប៉ែត លោតផ្លោះមកធ្វើជា ប្រធានមន្ទីរស្ដីទី និងក្លាយជាប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃទៀតនោះ... មិនដឹងជា ប្រធានមន្ទីរថ្មី ប្រាក់ ប៉ូលី និងប្រធានចាស់ លី សារី មួយណាគ្រាន់បើ ជាងនោះទេ ? តែទោះយ៉ាងណា គេក៍រង់ចាំមើល៍ថា លោកសួន បវរ ដែលឡើងធ្វើជា អភិបាលថ្មីៗ នៅខេត្តបន្ទាយមានជ័យ ជំនួសលោកគោស៊ុំ សារឿត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នោះ នឹងនៅតែជាចៅហ្វាយខេត្ត ដែលមិនហ៊ានក្អក ជាមួយលោកប្រធាន ប្រាក់ ប៉ូលី ដូចតែអតីត អភិបាលខេត្តមុនៗដែរ ឬយ៉ាងណានោះឡើយ... ។
បើតាមឮព័ត៌មាន ប្រាប់មកថា ឥឡូវនេះ ប្រជារាស្ត្រ ប្រជាជន ប្រជាពលរដ្ឋ ម្ចាស់ឆ្នោតភាគច្រើន នៅខេត្តបន្ទាយមានជ័យ ខឹងសម្បារខ្លាំងឡើងៗ បន្ទាប់ពីលោក ប្រាក់ ប៉ូលី មិនត្រូវបានថ្នាក់លើ ដាក់ទោសពៃរ៍ហើយ... បែរជាត្រូវបាន លោក ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម ដ៍ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ស៊ីញ៉េតែងតាំង យ៉ាងតក់ក្រហល់ លឿនដូចខ្យល់ព្យុះ ឲ្យឡើងតំណែង បុណ្យសក្ដិ ពីត្រឹមថ្នាក់ ជាប្រធានភូមិបាល ក្រុងប៉ោយប៉ែត លោតផ្លោះមកធ្វើជា ប្រធានស្ដីទី និងក្លាយជា ប្រធានពេញសិទ្ធិ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ថ្ងៃ ជាប់គ្នាប៉ុណ្ណោះ... ខណៈដែលលោក លី សារី ក៍ត្រូវបានតែងតាំង ឲ្យឡើងបុណ្យសក្ដិ ជាអភិបាលរង ខេត្តបន្ទាយមានជ័យ ផងដែរ បន្ទាប់ពីគាត់ (លី សារី ) ធ្លាប់ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅមកសាកសួរ ពាក់ព័ន្ធនឹងការប្រព្រិត្ត អំពើពុករលួយ កាលពីកន្លងទៅរួចមក ។
សាធារណជន សង្ឃឹមថា លោកជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោកធំ អុឹម ឈុនលឹម នឹងសើរើរឿង ការតែងតាំងលោក ប្រាក់ ប៉ូលី ជា មិនខានឡើយ... ដោយសារហេតុថា ការតែងតាំងមន្ត្រី ពីថ្នាក់ជាប្រធាន ភូមិបាលក្រុង ឲ្យលោតផ្លោះឡើង ជាប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើពេលតែ ២ថ្ងៃ... វាហាក់បីដូចជា មិនមានភាពប្រក្រតី គួរឲ្យមន្ត្រីៗរាជការ នៅទូទាំងប្រទេស មានទំនុកចិត្ត អាចទទួលយកបានឡើយ... ។ពាក់ព័ន្ធនឹងបញ្ហានេះ សាធារណេជន បានដាក់តាំង ជាសំនួរសួរថា «តើលោកសុផារ៉ា) យល់ឃើញយ៉ាងណាដែរ ចំពោះការតែងតាំងលោក ប្រាក់ ប៉ូលី តែក្នុងរយៈពេល ២ថ្ងៃ ពីប្រធានភូមិបាល ក្រុងប៉ោយប៉ែត ផ្លោះមកធ្វើជាប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យនោះ?៕